<
ស្វាគមន៍នៃការមកដល់មជ្ឈមណ្ឌលការផ្ទេរបច្ចេកវិទ្យាចិន-កម្ពុជា

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌកូនប្រុស-ស្រីដឹងគុណមាតាបិតាគឺជាមនុស្សដ៏ប្រសើរឧត្ដុង្គឧត្ដម

កាលផ្សាយ:2019-09-27 10:49:53   ប្រភពអត្ថបទ:fresh news

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថានៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែលប្រជាពលរដ្ឋប្រុស-ស្រីចាស់-ក្មេង កំពុងមានសេចក្ដីអំណសាទរក្នុងការធ្វើបុណ្យដាក់ទានយ៉ាងសប្បាយរីករាយទូទំាងព្រះនគរនេះ។

បើដូចនេះ ចំពោះកូនប្រុស-ស្រីដែលបានដឹងគុណមាតាបិតា ឬបុព្វការីជនខ្លួនដូចជាការជូនប្រាក់កាក់ ម្ហូបអាហារនំចំណី ផ្លៃឈើ ឬការមិនឈ្លោះប្រកែតគ្នាដែលនំាឲ្យមាតាបិតាពិបាកចិត្ដ ឬការទៅវត្ដស្ដាប់ធម៌ធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជនខ្លួននោះ គឺកូនប្រុស-ស្រីនោះមានឈ្មោះថា «ជាមនុស្សដ៏ប្រសើរឧត្ដុង្គឧត្ដម» ទំាងក្នុងលោកនេះនិងលោកខាងមុខ។ ពីព្រោះពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យរំឭកដឹងដល់គុណមាតាបិតា ឬបុព្វការីជនដែលបានផ្ដល់កំណើតឲ្យយើង និងអ្នកស្លាប់ទំាងទ្បាយផងដែរ។

ពីព្រោះក្នុងប្រព័ន្ធជំនឿខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ ដែលមានកិច្ចពិធីបោះបាយបិណ្ឌដែលតែងប្រារព្វនៅជុំវិញព្រះវិហារនាវេលាម៉ោង៤ជិតភ្លឺនេះ គឺជានិមិត្ដរូបដល់ការប្រសូត្រពីផ្ទៃម្ដាយ។ បានន័យថាក្នុងទស្សនខ្មែរ «ព្រះវិហារជានិមិត្ដរូបម្ដាយ» រីឯ «សាលាឆាន់ជានិមិត្ដរូបឪពុក» ។ បើដូច្នេះចំពោះកិច្ចពិធីបោះបាយបិណ្ឌនាវេលាម៉ោង៤ជិតភ្លឺ គឺជា«វដ្ដ-ពីងងឹតមកភ្លឺ» គឺ « ស្លាប់និងកើតពីផ្ទៃម្ដាយ »នេះឯង។

លោក រត្ន័ សណ្ដាប់ បន្ដថាបើដូចនេះចំពោះពិធីបុណ្យភ្ជុំបិណ្ឌ បោះបាយបិណ្ឌគឺជាពិធីបុណ្យដើម្បីរំឭកដឹងគុណមាតាបិតាដែលបានបង្កើតយើងឬបង្កើតលោកនេះ។ មានន័យថាពិធីបុណ្យភ្ជុំបិណ្ឌ បោះបាយបិណ្ឌគឺជាពិធីបុណ្យរំឭកដឹងគុណមាតាបិតា ឬបុព្វការីជនខ្លួនដែលជាទេវតាខាងដើមក្នុងការផ្ដល់កំណើត ឬជាគ្រូអាចារ្យដំបូងបំផុត ដែលបានបង្ហាត់បង្រៀនអប់រំយើងឲ្យមានសីលធម៌ និងសេចក្ដីថ្លៃថ្នូររស់នៅក្នុងសង្គម ហៅថា «សំពៅតាមខ្យល់» ដើម្បីទុកជាឧត្ដមភាពក្នុងវង្សត្រកូលគ្រួសារ។
បានសេចក្ដីថា «ពិធីបុណ្យភ្ជុំបិណ្ឌ បោះបាយបិណ្ឌ គឺជាពិធីបុណ្យដើម្បីឲ្យកូនប្រុស-ស្រី រំឭកដឹងគុណមាតាបិតា ឬបុព្វការីជនខ្លួនដែលជាទេវតាខាងដើមជាអ្នកផ្ដល់កំណើត ឬគ្រូអាចារ្យដំបូងបំផុត»នេះឯង។

លោក រត្ន័ សណ្ដាប់ បន្ដទៀតថាបើដូចនេះចំពោះពិធីបុណ្យភ្ជុំបិណ្ឌ បោះបាយបិណ្ឌគឺជាពិធីបុណ្យប្រពៃណីជាតិដ៏ល្អផូរផង់របស់ខ្មែរយើងតំាងពីដើមរៀងមក។ មានន័យថាពិធីបុណ្យភ្ជុំបិណ្ឌគឺជាការផ្សារភ្ជាប់រវាងអ្នករស់និងអ្នកស្លាប់ រវាង «អតីត បច្ចុប្បន្ន អនាគត» ដើម្បីកុំឲ្យភ្លេចជាតិហ្នឹងឯង ។ ស្ថិតក្នុងន័យនេះផងដែរ ចំពោះពិធីបុណ្យភ្ជុំបិណ្ឌ ពុំត្រឹមតែរំឭកដឹងគុណមាតាបិតា ឬបុព្វការីជនយើងប៉ុណ្ណោះទេ តែក៏ឧទ្ទិសដល់ព្រះឥន្ទ ព្រះព្រហ្ម ព្រះឥសូរ ព្រះពិរុណ ព្រះចន្ទ ព្រះអាទិត្យ ទេវតាដែលជាអ្នកបង្កើតលោកនិងថែរក្សាលោកផងដែរ។

បើដូច្នេះចំពោះកូនប្រុស-ស្រី ដែលបានដឹងគុណមាតាបិតា ឬបុព្វការីជនខ្លួនគឺកុលបុត្រកុលធីតានោះមានឈ្មោះថា «ជាមនុស្សដ៏ប្រសើរឧត្ដុង្គឧត្ដម» ទំាងក្នុងលោកនេះនិងលោកខាងមុខ។ តែផ្ទុយទៅវិញចំពោះកូនប្រុស-ស្រីណាដែលមិនគោរពដឹងគុណមាតាបិតាឬបុព្វការីជនខ្លួន ក៏មានទោសដ៏ធ្ងន់ធ្ងរបំផុតទំាងក្នុងលោកនេះនិងលោកខាងមុខផងដែរ៕