<
ស្វាគមន៍នៃការមកដល់មជ្ឈមណ្ឌលការផ្ទេរបច្ចេកវិទ្យាចិន-កម្ពុជា

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិ សម រង្ស៉ី ដែលប្រមាថដល់អង្គព្រះមហាក្សត្រ

កាលផ្សាយ:2019-09-27 10:50:47   ប្រភពអត្ថបទ:fresh news

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការនូវទង្វើជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជាទីស្រឡាញ់ស្មើជីវិតរបស់ប្រជារាស្ត្រខ្មែរ។

ក្នុងញត្តិថ្កោលទោស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩នេះ សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះ ជនក្បត់ជាតិ សម រង្ស៊ី ជាបន្ទាន់ ចំពោះទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើព្រះមហាក្សត្រ ដែលកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុងឧត្តម នៃព្រះរាជាណាចក្រកម្ពុជា និងជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រខ្មែរ ដែលកំពុងរស់នៅក្នុង សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយភាពរីកចម្រើនដូចសព្វថ្ងៃនេះ។

សូមរំលឹកថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរ លើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី។ សម្រាប់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនបុគ្គល សម រង្ស៉ី ជាបណ្តោះអាសន្ន បន្ទាប់ពីទទួលបានអធិបញ្ជាពីក្រសួងយុត្តិធម៌។ ដោយឡែកក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៉ី និងស្នើដល់ស្ថាប័នមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរបំផុតលើទណ្ឌិតនេះផងដែរ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»