<
ស្វាគមន៍នៃការមកដល់មជ្ឈមណ្ឌលការផ្ទេរបច្ចេកវិទ្យាចិន-កម្ពុជា

ចិនផ្ដល់ជំនួយជាង ៧លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោងសំខាន់ៗចំនួន១៦ នៅកម្ពុជា, រដ្ឋមន្ដ្រីក្រសួងការបរទេសចាត់ទុកជំនួយនេះជាការផ្ដល់ទំនុកចិត្តដល់កម្ពុជា

កាលផ្សាយ:2017-12-25 15:29:50   ប្រភពអត្ថបទ:fresh news

(ភ្នំពេញ)៖ ក្រោមកិច្ចសហប្រតិបត្តិការលើគម្រោងនៃមូលនិធិពិសេសមេគង្គ-ឡានឆាង រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយ៧,៣១៥,៩០៨ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងសំខាន់ៗចំនួន១៦ នៅកម្ពុជា ក្នុងដំណាក់កាលទី១ ហើយត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ។

ពិធីនេះត្រូវបានធ្វើឡើងរវាងលោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយលោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានលើកឡើងថា ការផ្ដល់ជំនួយនេះ ជាអះអាងជាថ្មីម្តងទៀតនូវទំនុកចិត្តដ៏ខ្លាំងដល់កម្ពុជា ជាមួយយន្តការអនុតំបន់ដែលកំពុងតែកើនឡើងនេះ ដោយឈរលើកិច្ចសហប្រតិបត្តិការ និងគម្រោង ពិតប្រាកដ។ ក្នុងពេលដែលកម្ពុជា នឹង រៀបចំកិច្ចប្រជុំលើកទី២ របស់ថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាំងនៅខែក្រោយ។

ប្រមុខកាទូតកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងអំណរគុណរដ្ឋាភិបាលចិន ក្នុងការផ្តល់ហិរញ្ញវត្ថុដល់គម្រោងរបស់កម្ពុជាចំនួន១៦ ចំពោះគម្រោងផ្នែកទី១ សម្រាប់មូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលមានទឹកប្រាក់សរុប ៧.៣ លានដុល្លារអាមេរិក។

គម្រោងទាំងនេះ គ្របដណ្តប់លើវិស័យជាច្រើន រួមមាន កសិកម្ម ទេសចរណ៍ អាយស៊ីធី (ICT) សុខភាព សាធារណៈ ការអប់រំ និងស្រាវជ្រាវ ធនធានទឹក ការអភិវឌ្ឍជនបទ ការតភ្ជាប់ផ្លូវអាកាស និងការផ្លាស់ប្តូរវប្បធម៌ និងសាសនា ជាដើម។

លោករដ្ឋមន្ត្រីរំពឹងទុកថា គម្រោងទាំងនេះនឹងរួមចំណែកនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ការលើកកំពស់ការតភ្ជាប់ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន នៅក្នុងតំបន់មេគង្គ-ឡានឆាង។



សូមជម្រាបថា គម្រោងអភិវឌ្ឍន៍សំខាន់ៗទាំង១៦នោះរួមមាន៖
១. កម្មវិធីសហប្រតិបត្តិការអភិវឌ្ឍព្រះពុទ្ធសាសនា និងសិក្ខាសាលាស្តីពីប្រសិទ្ធភាព នៃ ការគ្រប់គ្រងពុទ្ធសាសនាថេរវាទទៅតាមបណ្តាប្រទេសទន្លេមេគង្គ
២. សិក្ខាសាលាបណ្តុះបណ្តាលមេគង្គ-ឡានឆាង និងផ្សព្វផ្សាយស្តង់ដាទេសចរណ៍ នៃ សហគមន៍អាស៊ាន
៣. ការរិចរិលដី និងការលើកកម្ពស់ជីវភាពរស់នៅតាមមូលដ្ឋាន តាមរយៈការគ្រប់គ្រងដី ប្រកបដោយនិរន្តភាព
៤. ការស្តារឡើងវិញព្រៃឈើ និងការលើកកម្ពស់ការប្រើប្រាស់ព្រៃឈើប្រកបដោយចីរភាព នៅអាស៊ីអាគ្នេយ៍
៥. ការលើកកម្ពស់ប្រសិទ្ធិភាព នៃការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់នៅក្នុង បណ្តាប្រទេសទន្លេមេគង្គ ដែលមិនបានចុះបញ្ជីត្រឹមត្រូវ ដើម្បីការគ្រប់គ្រងជលផល ប្រកបដោយនិរន្តភាព
៦. អ្នកស្ម័គ្រចិត្ត ICT មេគង្គ-ឡានឆាង
៧. លើកកម្ពស់ការតភ្ជាប់ចរាចរណ៍អាកាសនៅកម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងចិន
៨. ការលើកកម្ពស់ការស្រាវជ្រាវ និងកិច្ចសន្ទនា ស្តីពីកិច្ចសន្យាកសិកម្មនៅតាមបណ្តា ប្រទេសមេគង្គ-ឡានឆាង
៩. ការអភិវឌ្ឍន៍សហគមន៍ចម្រុះតាមបណ្តាដងទន្លេមេគង្គ
១០. ការកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទក្នុងប្រទេសកម្ពុជា
១១. សន្និសីទមេគង្គ-ឡានឆាង ស្តីពីសហគ្រាសវប្បធម៌ធុនតូច និងមធ្យម
១២. ការទប់ស្កាត់ការលួច ការជីក ការនាំចូលនាំចេញខុសច្បាប់តាមតំបន់មេគង្គ-ឡានឆាង
១៣. ប្រព័ន្ធត្រួតពិនិត្យគុណភាពទឹកនៅតាមដងទន្លេមេគង្គ និងការបង្កើតមជ្ឈមណ្ឌលព័ត៌មាន
១៤. ការស្រាវជ្រាវរួម និងការអភិវឌ្ឍន៍បចេ្ចកវិទ្យានៅក្នុងការវិនិច្ឆ័យហានិភ័យ ការតាមដាន ត្រួតពិនិត្យ និងការបង្ការជាមុននូវជម្ងឺគ្រុនឈាម
១៥. ការបង្កើនការការពារមេគង្គ-ចិន និងកម្មវិធីកិច្ចសន្ទនាគោលនយោបាយ
១៦. កម្មវិធីគាំទ្រសម្រាប់ឱកាសទទួលបាននូវអាហារូបករណ៍ចំពោះនិស្សិតក្រីក្រ សម្រាប់ ការសិក្សាលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅប្រទេសចិន៕