<
ស្វាគមន៍នៃការមកដល់មជ្ឈមណ្ឌលការផ្ទេរបច្ចេកវិទ្យាចិន-កម្ពុជា

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា

កាលផ្សាយ:2018-01-04 15:17:33   ប្រភពអត្ថបទ:the khmer news

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង(Lancang-Mekong Cooperation) ដែលជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលចិន ត្រូវបានកត់សម្គាល់ថា បានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជាទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

លោក សុខ ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា  តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គឡាន-ឆាង បានធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចកាន់តែខ្លាំង តាមរយៈទាក់ទាញផ្នែកទេសចរណ៍ វិស័យសំណង់ និងការជំរុញការវិនិយោគពីប្រទេសចិនមកបណ្តាក់ទុននៅកម្ពុជា។

ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ គឺធ្វើឡើងក្នុងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្រោមប្រធានបទ«ការកសាងសន្តិភាព និងភាពរុងរឿងសម្រាប់មហាអនុតំបន់ទន្លេមេគង្គ» ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះ។

លោកបន្តថា ការអនុវត្តនូវកិច្ចសហប្រតិបត្តិការនេះរយៈពេលជាង២ឆ្នាំកន្លងមក គឺរដ្ឋាភិបាលចិនបានផ្តល់កម្ចី និងជំនួយហិរញ្ញវត្ថុជាច្រើន សម្រាប់អភិវឌ្ឍន៍ផ្លូវថ្នល់ វិស័យកសិកម្ម និងពាណិជ្ជកម្ម ជាដើម។ លោកបានបញ្ជាក់ថា «ប្រទេសចិន គឺជាអ្នកផ្តួចផ្តើមឱ្យមានកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ។ ដូច្នេះ ចិនដើរតួនាទីសំខាន់ក្នុងការដឹកនាំប្រទេសទាំង៥ ដែលនៅជាប់ដងទន្លេមេគង្គឱ្យធ្វើការរួមគ្នា ដើម្បីឆ្ពោះទៅរកំណើនសេដ្ឋកិច្ច និងផលប្រយោជន៍រួម»។ លោកបន្តថា កិច្ចសហប្រតិបត្តិការនេះ បានបង្កើនផលិតផលសម្រាប់នាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសជាសមាជិក។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមាន៦ប្រទេសមានដូចជា៖ ចិន កម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសជាសមាជិកលើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ លទ្ធភាពផលិតកម្ម ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តភាព សេរីភាវូបនីយកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សុខភាពសាធារណៈ ការផ្លាស់ប្តូរវប្បធម៌ អង្គការសង្គមស៊ីវិល ការកសាងសមត្ថភាព ការកាត់បន្ថយភាពក្រីក្រ ការផ្លាស់ប្តូរការសិក្សា ទីផ្សារទំនិញ ទីផ្សារហិរញ្ញវត្ថុ ភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងអាស៊ាន ការគម្រាមកំហែងសន្តិសុខ ការកសាងទំនុកចិត្តវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ជាដើម។

លោក គង់ ភោគ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្រ្ត មានប្រសាសន៍ថា ការផ្តួចផ្តើមរបស់រដ្ឋាភិបាលប្រទេសចិន មានគោលដៅឱ្យប្រទេសក្នុងតំបន់ចែករំលែក និងទទួលបានផលប្រយោជន៍រួមគ្នា។ លោកបញ្ជាក់ថា ប្រជាជនកម្ពុជា នឹងទទួលបានចំណេះដឹងថ្មីៗលើផ្នែកបច្ចេកវិទ្យា ជំនាញវិជ្ជាជីវៈ និងការផ្លាស់ប្តូរការងារជាមួយបណ្តាប្រទេសជាប់ដងទន្លេមេគង្គ និងប្រទេសចិន៕